Tuesday, March 24, 2015

តើលោក Lee Kuan Yew ស្ថាបនិកប្រទេសសិង្ហបុរី បានកសាង​សមិទ្ធិផលអ្វីខ្លះ?

(សិង្ហបុរី)៖ លោក Lee Kuan Yew (ឈ្មោះកំណើតគឺ Harry Lee Kuan Yew) កើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩២៣​​ បានបាត់បង់ជីវិតនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ដោយសារជំងឺរលាកទងសួតធ្ងន់ធ្ងរ។ លោកជាអ្នកនយោបាយ និងជានាយករដ្ឋមន្ត្រីទីមួយ​របស់ប្រទេសសិង្ហបុរី ហើយបានកាន់អំនាចអស់រយៈពេលបីទសវត្សរ៍។ លោក Lee ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជាបិតាស្ថាបនិក​ ឬជាវិស្វករ​កសាងប្រទេស សិង្ហបុរីប្រកបដោយភាពរីកចម្រើន។
ក្នុងនាមជា Co-Founder និងជា​អគ្គលេខាធិការដំបូង នៃបក្សសកម្មភាពប្រជាជន ហៅកាត់ថា (PAP) លោកបានដឹកនាំបក្សនេះ ឲ្យទទួលជោគជ័យរហូតដល់ ៨ដងចាប់ពីឆ្នាំ១៩៥៩ ដល់ ឆ្នាំ១៩៩០។ លោកជាអ្នកមើលការខុសត្រូវក្នុងការ​បំបែកប្រទេសសិង្ហបុរី ពីប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៦៥។ ​ក្រោយមកលោក​បាន​ផ្លាស់ប្តូរដែនដីដ៏តូចមួយនេះ ដែលស្ថិត​ក្រោមរបបអាណានិគមអង់គ្លេស ហើយគ្មាន​ធនធានធម្មជាតិ ទៅជាប្រទេស «First World» (ពាក្យនេះប្រើក្នុងសម័យសង្គ្រាមត្រជាក់ សំដៅលើប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យ របបទីផ្សារសេរី មានទំនាក់ទំនងជាមួយអាម៉េរិក) និងជាខ្លានៅអាស៊ី។ លោកជាតួអង្គនយោបាយដ៏ល្បីល្បាញ និងមានឥទ្ធិពលម្នាក់នៅអាស៊ី។
ក្នុងឆ្នាំ១៩៩០ លោក Goh Chok Tong នាយករដ្ឋមន្ត្រីទីពីររបស់សិង្ហបុរី បានតែងតាំងលោកជាមន្ត្រីជាន់ខ្ពស់​ម្នាក់។ ជាមួយនឹងភាពជោគជ័យក្នុងនាមជាអ្នកនយោបាយ លោកបានក្លាយជាអ្នក​កាន់អំណាច​យូរជាងគេម្នាក់ នៅក្នុងប្រវត្តិសាស្ត្រសិង្ហបុរី។ យ៉ាងនេះក្តីនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១១ លោក Lee និងលោក Goh បាន​ប្រកាសចូលនិវត្តន៍ តែអ្នកនយោបាយដ៏ល្បីល្បាញវ័យចំណាស់រូបនេះ នៅតែបន្តកិច្ចការជា​សមាជិកសភា។
ខាងក្រោមនេះជាប្រវត្តិសង្ខេបនៃមេដឹកនាំ Lee Kuan Yew ៖
- ប្រវត្តិគ្រួសារ៖
យោងតាមឯក​ជីវប្រវតិ្តបានបង្ហាញថា លោក Lee ជាជនជាតិសិង្ហបុរីជំនាន់ទី៤ ព្រោះដំបូងឡើយជីតាទួតរបស់លោកជនអន្តោប្រវេសន៍ ដែលភៀសខ្លួនមកពីប្រទេសចិន ហើយមករស់នៅក្នុងដែនដី​នៃប្រទេសសិង្ហបុរី។ លោក Lee Hoon Leong ជាជីតារបស់លោក Lee បានរៀបការជាមួយស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ និងស្ត្រីម្នាក់ផ្សេងទៀត។ ក្នុងពេលនោះការមានភរិយា ២នាក់ បានក្លាយជាទម្លាប់ទូទៅ​ទៅហើយ​នៅសិង្ហបុរី ហើយលោកមាន​កូន ៨នាក់ គឺកូនស្រី ៥នាក់ និងប្រុស ៣នាក់ ក្នុងនោះមានម្នាក់ដែលត្រូវជាឪពុករបស់លោក Lee ។  
លោក Lee Kuan Yew ពាក់អាវខ្មៅ
លោក Lee មានឪពុកឈ្មោះ Lee Chin Koon និងម្តាយឈ្មោះ Chua Jim Neo លោកមានបងប្អូនប្រុស ៣នាក់ និង​ស្រីម្នាក់។ បន្ទាប់ពី​ជីតារបស់លោក​ត្រូវក្ស័យធន ធ្វើឲ្យឪពុករបស់លោកធ្លាក់ខ្លួនជាម្ចាស់ហាង ដែលមានជីវភាពក្រីក្រម្នាក់។ យ៉ាងនេះក្តី​បងប្អូនរបស់លោកសុទ្ធទទួលបានជោគជ័យក្នុងការងារ។ ជាក់ស្តែង លោក Lee និងបងប្រុសរបស់លោកបានចូលរៀននៅសាលាច្បាប់ University of Cambridge ​ហើយអ្នកទាំងពីរបានបង្កើតក្រុមហ៊ុនមេធាវីមួយ ដែលមានឈ្មោះថា Lee & Lee។ ក្រោយមកបុរសជនជាតិសិង្ហបុរីរូបនេះ ក៏បានបោះជំហានចូលឆាកនយោបាយ ខណៈដែល​បងប្រុសម្នាក់ទៀត បានក្លាយជាឈ្មួញទំនិញយ៉ាងធំសម្បើម។ ដោយឡែកបងប្អូនម្នាក់ទៀត បានបើកឱសថស្ថានប្រកបដោយជោគជ័យ។
លោក Lee បានរៀបការជាមួយកញ្ញា Kwa Geok Choo ក្នុងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៥០ និងមាន​កូនប្រុសពីរនាក់ ស្រីម្នាក់។ គួររំលឹកថា លោកស្រីបានបាត់បង់ជីវិតនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១០ ខណៈ​កំពុងគេងលង់លក់។ អ្នកទាំងពីរ​ប្រើប្រាស់ភាសាអង់គ្លេសជាភាសាកំណើតដូចគ្នា តែលោក Lee នៅតែបន្តសិក្សាភាសាចិន ខណៈដែលលោកមានវ័យ ៣២ឆ្នាំទៅហើយ។ ដោយមិនទាន់ស្កប់ស្កល់នឹង​ចំណេះដឹងភាសាទាំងនេះ លោកក៏បន្តសិក្សាភាសាជប៉ុនបន្ថែមទៀត រហូតក្លាយជាអ្នកបកប្រែភាសាថែមទៀតផង ក្នុងសម័យជប៉ុន បានឈ្លានពានមកលើប្រទេសសិង្ហបុរី (Japanese occupation of Singapore) ។ កូនទាំងបីរបស់លោកសុទ្ធតែកាន់ដំណែងខ្ពស់ក្នុងសង្គមសិង្ហបុរី ជាក់ស្តែងកូនច្បងរបស់លោក ក៏បានក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០០៤ ផងដែរ។
- ការសិក្សា៖
លោក​ផ្តើមថ្នាក់សិក្សាជាលើកដំបូងនៅសាលា Telok Kurau Primary School ដោយក្នុងពេលនោះលោកជាសិស្សខ្សោយម្នាក់តែប៉ុណ្ណោះ។ ក្រោយមក លោក Lee បានចូលសិក្សានៅ​សាលា Raffles Institution នៅទីនោះ​មានលំបាកច្រើនសម្រាប់លោក ព្រោះលោកត្រូវប្រជែងជាមួយសិស្សចំនួន ១៥០នាក់ ដែលសុទ្ធតែជាសិស្សពូកែមកពី​ទូទាំងប្រទេសសិង្ហបុរីទាំងមូល។ យ៉ាងនេះក្តីលោកបានប្រឹងប្រែងរហូតទទួលបាន​ពិន្ទុ និងចំណាត់ថ្នាក់ខ្ពស់ជាងគេ ព្រមទាំងបានចូលជាសមាជិកនៃចលនា Scouts Movement (ជាសកម្មភាព​គាំទ្រយុវជនក្នុងការអភិវឌ្ឍន៍ទាំងផ្នែកផ្លូវកាយ ផ្លូវចិត្តដែលដើរតួនាទីសំខាន់ក្នុងសង្គម ផ្តោតពិសេសទៅលើសកម្មភាពយុវជនក្រៅម៉ោងសិក្សា)។ តាមរយៈការខិតខំប្រឹងប្រែងសិក្សា លោកបានក្លាយជាសិស្សពូកែទូទាំងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី។
ដោយសារសង្គ្រាមលោកលើកទីពីរ និង​ការឈ្លានពានពីជប៉ុនក្នុងឆ្នាំ១៩៤២ដល់១៩៤៥ ធ្វើឲ្យលោកត្រូវពន្យាពេលក្នុងការសិក្សានៅសាកលវិទ្យាល័យ​។ ក្នុងអំឡុងពេលនោះលោក ធ្វើការជាស្មៀន​នៅរោងចក្រ​កាត់ដេរ ធ្វើជាអ្នកសរសេររបាយការណ៍ ក្រោយមកលោកបានបើ​កមុខរបរផ្ទាល់ខ្លួន ព្រមទាំងបានបង្កើតរោងចក្រផលិតសម្ភារៈការិយាល័យ ដែលមានយីហោថា 'Stikfas' ថែមទៀតផង។
បន្ទាប់ពីសង្គ្រាមបញ្ចប់ទៅ លោកបានបន្តការសិក្សានៅប្រទេសអង់គ្លេស ដោយចូលរៀននៅសាលា London School of Economics និងបន្តការសិក្សានៅសកលវិទ្យាល័យ Cambridge ហើយទទួលបាន​ពិន្ទុខ្ពស់បំផុត ដែលសិស្សទូទៅ​កម្រទទួលបាន។ បន្ទាប់ពីចាកចេញពីសកលវិទ្យាល័យ លោកបាន​លុបឈ្មោះជាភាសាអង់គ្លេស (Harry) របស់លោក មកត្រឹមឈ្មោះថា Lee Kuan Yew។ បន្ទាប់ពីលោក​សង្កេតឃើញថា ចក្រភពអង់គ្លេសមិនអាចការពារសិង្ហបុរី ពី​ការឈ្លានពានរបស់ជប៉ុនបាន លោកបានគិតថា សិង្ហបុរី គួរតែគ្រប់គ្រងប្រទេសដោយខ្លួនឯង។ នៅទីបំផុតលោកបានសម្រេចចិត្ត មកប្រទេសកំណើត​វិញក្នុងឆ្នាំ១៩៤៩។
- ការប្រឡូកក្នុងឆាកនយោបាយជាលើកដំបូង (១៩៥១ដល់១៩៥៩)
លោក Lee បានវិលត្រឡប់មកប្រទេសសិង្ហបុរីវិញ ដោយធ្វើជា​មេធាវី នៅក្រុមហ៊ុនមេធាវីមួយកន្លែង និងទទួលបានប្រាក់បៀវត្សរ៍ ៥០០ដុល្លារក្នុងមួយខែ ព្រមទាំងបានធ្វើជា​អ្នកប្រឹក្សាផងដែរ។
បទពិសោធន៍ដំបូងក្នុងកិច្ចការនយោបាយរបស់លោក គឺផ្តើមការងារជាភ្នាក់ងាររៀបចំការបោះឆ្នោត ក្រុមប្រឹក្សាសភាក្នុងឆ្នាំ១៩៥១។ ក្នុងខែវិច្ឆិកា ឆ្នាំ១៩៥៤ លោក Lee រួមជាមួយមិត្តភក្តិដទៃទៀត បានរួមគ្នាបង្កើតបក្សសង្គមនិយមមួយ ដែលឈ្មោះថាគណបក្ស​សកម្មភាពប្រជាជន (PAP)។ ​ក្រោយមកលោកបានក្លាយជាអគ្គលេខាធិការបក្ស ដោយលោកបានបន្តកាន់ដំណែងនេះ រហូតដល់ឆ្នាំ១៩៩២។
ក្នុងឆ្នាំ១៩៥៥ លោកបានក្លាយជាមេដឹកនាំបក្ស ដែលសម្តែងការប្រឆាំងចំពោះបក្ស Labour Front របស់លោក David Saul Marshall។ ក្នុងឆ្នាំ១៩៧៥ បក្សប្រឆាំងរបស់លោកទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីក្រុមគាំទ្ររបបកុម្មុយនីស្ត​ឡើងកាន់អំណាច។
- នាយករដ្ឋមន្ត្រីជាលើកដំបូង មុនការប្រកាសឯករាជ្យ (១៩៥៩ដល់១៩៦៥)
ក្នុងព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៥៩ បក្ស PAP ទទួលបានកៅអីចំនួន ៤៣ ក្នុងចំណោម៥១ កៅអីនៅក្នុងសភា ហើយលោក Lee ក៏បានក្លាយជានាយករដ្ឋមន្ត្រីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៥៩។ ក្នុងពេលនោះប្រទេស សិង្ហបុរី ចាប់ផ្តើម​បង្កើនអំណាចផ្ទាល់ខ្លួនបន្តិចម្តង រហូតអាចគ្រប់គ្រងទៅលើគ្រប់វិស័យទាំងអស់ លើកលែងតែផ្នែក​ការពារជាតិ និង​កិច្ចការបរទេសតែប៉ុណ្ណោះ។
- ការបញ្ជូលសិង្ហបុរីទៅក្នុងប្រទេស ម៉ាឡេស៊ី
នៅក្នុងឆ្នាំ១៩៦១ លោក Tunku Abdul Rahman នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានស្នើបង្កើតរដ្ឋសហព័ន្ធមួយ ដោយក្នុងនោះ​រួមមាន​ប្រទេស ម៉ាឡេស៊ី សិង្ហបុរី  រដ្ឋ Sabah និងរដ្ឋ Sarawak។ ឆ្លៀតឱកាសនេះ លោក Lee បានធ្វើយុទ្ធនាការដើម្បីប្រែក្លាយសិង្ហបុរី ទៅជាដែនដីរបស់ប្រទេសម៉ាឡេស៊ី ក្នុង​គោលដៅបញ្ចប់​របបអណានិគមរបស់អង់គ្លេស។ លោកទទួលបានសម្លេងគាំទ្រ ៧០ភាគរយ  ដោយឡែកសន្លឹកឆ្នោត ផ្សេងទៀត គឺមិនបានគូសបញ្ជាក់អ្វីទាំងអស់​ដែលនេះជាចំណុច បង្ហាញថាគ្មានការបដិសេធលើគម្រោង ក្នុងការបញ្ជូលសិង្ហបុរីជាមួយម៉ាឡេស៊ីនោះទេ។
ទីបំផុតសិង្ហបុរីបានក្លាយជាផ្នែកមួយនៃប្រទេសម៉ាឡេស៊ី ក្នុងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩៦៣។ យ៉ាងនេះការបញ្ជូលជាដែនដីរបស់ម៉ាឡេស៊ី មិនអាចបន្តយូរអង្វែងឡើយ ដោយមេដឹកនាំម៉ាឡេស៊ី ព្រួយបារម្ភទៅលើ បញ្ហាពីរយ៉ាងគឺទីមួយ​ ដោយសារសិង្ហបុរីមាន​ជនជាតិចិនច្រើន ដែលប្រកាន់វប្បធម៌ខុសពីម៉ាឡេស៊ី ទីពីរមេដឹកនាំម៉ាឡេស៊ី អាចត្រូវប្រឈមមុខនឹងប្រកួតប្រជែងផ្នែកនយោបាយ ជាមួយ​បក្ស PAP របស់លោក Lee ។
នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៦៥ សភាម៉ាឡេស៊ីសម្រេច​ ចាត់ទុកសិង្ហបុរីជារដ្ឋមួយផ្សេង ហេតុនេះសាធារណរដ្ឋសិង្ហបុរី ក៏ចាប់កំណើតឡើងតាំងពីពេលនោះមក។ ដោយសារកង្វះខាតនូវធនធានធម្មជាតិ សូម្បីតែទឹកសម្រាប់ប្រើប្រាស់ និងសមត្ថភាពក្នុងការពារប្រទេស ធ្វើឲ្យប្រទេសសិង្ហបុរី ជាពិសេសគឺលោក Lee ផ្ទាល់​ប្រឈមមុខនឹងបញ្ហាជាច្រើន។
- នាយករដ្ឋមន្ត្រីលើកទីពីរក្រោយការប្រកាសឯករាជ្យ (១៩៦៥ដល់១៩៩០)
ក្នុងពេលកាន់អំណាច លោក Lee លើកឡើងថា លោកមិនសូវបានសម្រាកស្កប់ស្កល់ឡើយ ព្រមទាំងធ្លាក់ខ្លួនឈឺជាច្រើនថ្ងៃ បន្ទាប់ពីប្រទេសទទួលបានឯករាជ្យ។ ពេលនោះសភាត្រូវផ្អាកសកម្មភាពប្រជុំមួយរយៈ ខណៈដែលមេដឹកនាំរូបនេះចំណាយពេលប្រាំមួយសប្តាហ៍នៅតែម្នាក់ឯង។ ក្រោយមកលោកបាន​ចាប់ផ្តើមតស៊ូកសាងប្រទេស ដោយ​ព្យាយាមធ្វើឲ្យអន្តរជាតិទទួលស្គាល់ឯករាជ្យរបស់សិង្ហបុរី។
លោកបានធ្វើឲ្យប្រទេសដែលមានទឹកដីតូចមួយនេះ បានចូលជាសមាជិកអង្គការសហប្រជាជាតិ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។​ លោកបានធ្វើទស្សនកិច្ច​ជាផ្លូវការទៅឥណ្ឌូនេស៊ី ជាលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ប្រសើរឡើង។ ដោយកាលនោះសិង្ហបុរី ចម្រុះដោយវប្បធម៌ជាច្រើនមិនថាចិន និងម៉ាឡេស៊ី ហេតុនេះទើបលោក Lee ព្យាយាមបង្កើត​អត្តសញ្ញាណផ្ទាល់ខ្លួនចាប់ពីទសវត្សរ៍ឆ្នាំ១៩៧០ដល់១៩៨០។
- គោលនយោបាយរដ្ឋាភិបាល៖
ដូចជាប្រទេសដទៃទៀតដែរ បសិង្ហបុរីត្រូវប្រឈមមុខនឹងបញ្ហាអំពើពុករលួយ។ ហេតុនេះលោក​បានបង្កើតច្បាប់​ដើម្បីបោសសម្អាតបញ្ហានេះដូចជា ផ្តល់អំណាចក្នុងការចាប់ខ្លួន​ ស្រាវជ្រាវ កោះហៅសាក្សី ​ស៊ើបអង្កេតទៅលើ​គណនីធនាគា និង​ពន្ធដាលើប្រាក់ចំណូលនៃជនសង្ស័យ ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ។ លោកគិតថា មន្ត្រីទាំងអស់គួរតែទទួលបានប្រាក់ខែខ្ពស់ ដើម្បី​រក្សាភាពស្អាតស្អំ​ និងមានភក្តីភាពចំពោះរដ្ឋាភិបាល ព្រមទាំងធ្វើឲ្យប្រទេសសិង្ហបុរី មានមនុស្សដែលមានជំនាញពិតប្រាកដចូលបម្រើការងារសាធារណៈ។
ក្នុងទសវត្សន៍ឆ្នាំ១៩៦០ ដោយបារម្ភពីបញ្ហា​កំណើនប្រជាជន លោក Lee ក៏ចាប់ផ្តើមអនុវត្តន៍យុទ្ធនាការ Stop at Two family planning ដែលជាការលើកទឹកចិត្តស្វាមីភរិយា ឲ្យមានកូនត្រឹមតែពីរនាក់។ ជាមួយគ្នានេះដែរ ការដឹកនាំរបស់លោក បានជម្រុញលើកទឹកចិត្ត​វិស័យអប់រំយ៉ាងខ្លាំង រហូតជម្រុញឲ្យបុរសជ្រើសរើសស្ត្រី ដែលទទួលបានការអប់រំខ្ពស់ធ្វើជាភរិយា។
ដោយឡែកបញ្ហាទឹកស្អាតវិញ ប្រទេស សិង្ហបុរីនាំចូលទឹកស្អាតប្រទេស ម៉ាឡេស៊ី។ ជាអកុសលបន្ទាប់ពីមានភាពតានតឹងរវាងប្រទេសទាំងពីរ រដ្ឋាភិបាលទីក្រុង កូឡាឡាំពួរធ្លាប់បានគំរាមថា នឹងបញ្ឈប់ការ​ផ្គត់ផ្គង់ទឹកស្អាតដល់ប្រទេសដែលមានដែនដីតូចមួយនេះ។ ហេតុនេះ​លោក Lee ក៏ចេញបញ្ជាឲ្យ​បង្កើតរោងចក្រធ្វើពិសោធន៍ ទៅលើទឹកដែលប្រើប្រាស់រួច ដើម្បីយកមកប្រើប្រាស់ជាថ្មី។
យ៉ាងនេះក្តីរោងចក្រនេះត្រូវបានបិទទ្វាទៅវិញដោយសារវាត្រូវចំណាយប្រាក់ច្រើន និង​ខ្វះភាពជឿជាក់ទៅលើគុណភាព។ ក្នុងឆ្នាំ២០០៨ លោកLee បានបង្កើតកម្មវិធី Singapore International Water Week ដោយផ្តោតសំខាន់ទៅលើ​ការដោះស្រាយវិបត្តខ្វះទឹកប្រើប្រាស់ប្រកបដោយនិរន្តភាព រហូតធ្វើឲ្យលោក Lee ទទួលបានរង្វាន់ពិភពលោក ដោយសារលោកបានចូលរួមចំណែក ក្នុងការដោះស្រាយវិបត្តិខ្វះទឹកប្រើប្រាស់នៅលើសកលលោក។
បន្ទាប់ពីកាន់ដំណែងដល់ឆ្នាំ១៩៩០ លោក Goh Chok Tong បានក្លាយជានាយករដ្ឋមន្ត្រីបន្ត ហើយបានតែងតាំងបិតាស្ថាបនិករូបនេះ ជាមន្ត្រីជាន់ខ្ពស់ម្នា​ក់ (Senior Minister) រហូតដល់ឆ្នាំ២០០៤ លោកត្រូវបានតែងតាំងជាមន្ត្រីផ្តល់ប្រឹក្សា (Minister Mentor) រហូតដល់ខែឧសភា ឆ្នាំ២០១១។
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១១ សារព័ត៌មានមួយបានឲ្យដឹងថា លោក Leeមានបញ្ហាប្រព័ន្ធប្រសាទ។ ក្រោយមកនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានជំងឺ បេះដូង ដោយ​សារឈាមមិនអាចហូរទៅកាន់ខួរក្បាល។ តាំងពីពេលនោះមកលោកបានអវត្តមាន ជាច្រើនលើកច្រើនសារពីកម្មវិធីផ្សេងៗ។ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥លោកត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសារជាថ្មី ដោយសាររោគ​រលាគទងសួតធ្ងន់ធ្ងរ ហើយត្រូវបានស្ថិតនៅក្នុងការថែទាំយ៉ាងហ្មត់ចត់ ព្រមទាំងត្រូវបានបញ្ជូលអុកស៊ីសែនថែមទៀតផង។ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមីនាស្ថានភាពជំងឺរបស់លោក​កាន់តែធ្ងន់ធ្ងរជាបន្តបន្ទាប់។
ទីបំផុតនៅថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០១៥នេះ លោក Lee Hsien Loong នាយករដ្ឋមន្ត្រី​ប្រទេស សិង្ហបុរីដែលត្រូវជាកូនប្រុសរបស់លោកផ្ទាល់បានប្រកាសថា អតីតមេដឹកនាំកំពូលរបស់សិង្ហបុរីរូបនេះ បានបាត់បង់ជីវិតនៅវេលាម៉ោង ០៣៖១៨នាទី​ព្រឹក (ម៉ោងនៅសិង្ហបុរី) ក្នុងវ័យ៩១ឆ្នាំ ដោយពិធីបុណ្យសពនឹងត្រូវប្រារព្ធឡើង ក្នុងរយៈពេលមួយសប្តាហ៍។
សូមបញ្ជាក់ថា ចាប់តាំងពីការឡើងកាន់អំណាច រហូតដល់ដំណាក់កាលចុងក្រោយនៃជីវិត លោក Lee សម្រេចបាននូវសមិទ្ធផលសំខាន់ៗ និងទទួលបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់។ ដោយសារការខិតខំប្រឹងប្រែង លោកបានប្រែក្លាយប្រទេសដែលមានផ្ទៃដីទំហំតូចមួយ ព្រមទាំងខ្វះខាតផ្នែកធនធានធម្មជាតិ ហើយធ្លាប់ធ្លាក់ក្រោម​អំណាចរបស់អង់គ្លេស ជប៉ុន និងម៉ាឡេស៊ី ឲ្យទៅជាប្រទេសអ្នកមានមួយនៅអាស៊ី៕

No comments:

Post a Comment